ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានកំណត់យកពាក្យស្លោកនៃព្រឹត្តិការណ៍នោះគឺ «កីឡារស់ក្នុងសន្តិភាព – Sports: Live in Peace» ក្នុងគោលបំណងរំលេចពីគុណតម្លៃនៃសុខសន្តិភាព ដែលជាកត្តាគន្លឹះជំរុញកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំនេះ។ នៅក្នុងនោះ ព្រឹត្តិការណ៍ប្រកួតត្រូវបានបែងចែកជាពីរធំៗ រួមមាន៖ ទី១. ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ មាន៣៨ប្រភេទកីឡា ស្មើនឹង ៦០៨ វិញ្ញាសាប្រកួត។ ទី២. ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ មាន ១៣ប្រភេទកីឡា។ ព្រឹត្តិការណ៍ប្រកួត នឹងត្រូវរៀបចំនៅបណ្តារាជធានី-ខេត្ត ចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប និងខេត្តកំពត។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមុខមាត់ ជាកេរ្តិ៍ឈ្មោះ និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត។ ក្នុងន័យនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ និងជា «ឱកាសមាស» ដើម្បីបង្ហាញពីកិត្យានុភាពកម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំងតែមិនកំណត់ចំពោះតែឧត្តមភាពកីឡានោះឡើយ។ អត្ថប្រយោជន៍ចម្បងៗដែលកម្ពុជានឹងទទួលបានពីភាពជាម្ចាស់ផ្ទះនេះ រួមមានដូចជា៖ ទី១-ជាមរតកប្រវត្តិសាស្រ្តនៃការរៀបចំប្រកួត រួមទាំង ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ទិដ្ឋភាពបច្ចេកទេស ធនធានមនុស្ស និងបទពិសោធន៍លើវិស័យកីឡា, ទី២–ជាកាលានុវត្តភាពទាក់ទាញទេសចរណ៍ និងវិនិយោគពីបរទេសមកកម្ពុជា តាមរយៈការលើកតម្កើងកេរ្តិ៍ឈ្មោះ និងបង្ហាញពីភាពខ្លាំង ស្ថិរភាព និងសុខសន្តិភាពរបស់កម្ពុជា, និងទី៣-ជាជន្ទល់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ និងសមិទ្ធផលជាផ្លែផ្កាផ្សេងទៀត សម្រាប់ជាវិបុលភាពនៃប្រជាជាតិកម្ពុជា។