#BeyondTheGames
#BeyondTheGames ឬ លើសពីការប្រកួត គឺជាយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្នុងឱកាសព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ យុទ្ធនាការ #BeyondTheGames នឹងចូលរួមលើកកម្ពស់មោទកភាពជាតិ ដោយផ្សារភ្ជាប់ព្រឹត្តិការណ៍កីឡាទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា និងរំលេចនូវភាពស្រស់ស្អាត វប្បធម៌ដ៏ល្អផូរផង់ និងកេរដំណែលដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោក។
ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុទ្ធនាការ #BeyondTheGames បានជ្រើសរើសយកពាក្យស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ជាមូលបទនៃយុទ្ធនាការ។ បេះដូងគឺតំណាងឱ្យ
សេចក្តីស្រលាញ់ ត្បិតតែយើងផ្តល់និយមន័យនៃភាសាបេះដូងដែលមានលក្ខណៈផ្សេងៗពីគ្នា ប៉ុន្តែយើងគ្រប់គ្នាគឺមានសេចក្តីស្រលាញ់រួមមួយ គឺក្តីស្រលាញ់ចំពោះជាតិមាតុភូមិរបស់យើង។ ហេតុនេះហើយទើបមូលបទនៃយុទ្ធនាការ #BeyondTheGames គឺបេះដូងលោតក្នុងចង្វាក់តែមួយ ព្រោះយើងជាខ្មែរតែមួយ បេះដូងយើងលោតក្នុងចង្វាក់តែមួយជូនជាតិកម្ពុជា។