#BeyondTheGames
ដោយអនុវត្តនូវវិធានក្រសួងសុខាភិបាល ក៏ដូចជារក្សានូវនិរន្ដរភាពការងារប្រចាំសប្ដាហ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំចង្អៀតមួយ ដើម្បីពិភាក្សាពីបច្ចេកទេសផ្នែកវប្បធម៌ ក្នុងការត្រៀមបង្ហាញនូវទស្សនីយភាពមួយដ៏អស្ចារ្យ នៅក្នុងពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយក៏មានការចូលរួមពីលោក ព្រឿង ឈាង និងលោក ម៉ោង កេង ជាសមាជិក និងជាព្រឹទ្ធាចារ្យផ្នែកវប្បធម៌ផងដែរ មុននឹងធ្វើការងារនេះ ជាមួយភាគីចិន ដែលទទួលបានសិទ្ធិភាពជាដៃគូ និងកិច្ចសហការជាមួយភាគីកម្ពុជា ក្នុងការរៀបចំពិធីបើក-បិទស៊ីហ្គេម ស្របពេលអ្នកជំនាញចិន គ្រោងនឹងមកកម្ពុជានាខែធ្នូខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «នេះជាកិច្ចប្រជុំចង្អៀតជាលក្ខណៈបច្ចេកទេស ជាមួយលោកគ្រូព្រឹទ្ធាចារ្យវប្បធម៌ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងនូវរបៀប ឬនីតិវិធីសេនារីយ៉ូ ឬការបង្ហាញនូវទស្សនីយភាពសម្រាប់ត្រៀមពិធីបើក-បិទ ក៏ដូចជាត្រៀមទទួលប្រតិភូចិន ដែលមកឆាប់ៗ អាចខែធ្នូនេះ ដើម្បីធ្វើការជាមួយគ្នា និងបន្ស៊ីគ្នារវាងវប្បធម៌យើង និងរវាងបច្ចេកវិទ្យាទំនើប ពីព្រោះថា តាមការអនុម័តក្នុងអង្គប្រជុំប្រចាំត្រីមាសទី៣ CAMSOC បានឯកភាពឲ្យគណៈកម្មការរៀបចំពិធីបើក-បិទ ផ្ដល់សិទ្ធិឲ្យភាគីចិនម្ខាងទៀត ក្នុងការជួយរៀបចំពិធីបើក-បិទរួចហើយ ចឹងយើងក៏ត្រៀមលក្ខណៈបច្ចេកទេសឲ្យហើយដែរ»។